ចំណុចសំខាន់ៗ ដែលមនុស្សភាគច្រើនមានវិប្បដិសារីបំផុតក្រោយពេលបញ្ចប់ការសិក្សាជាទូទៅ សិស្សភាគច្រើនចង់បញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យឲ្យបានចប់ ដើម្បីអាចធ្វើការដែលខ្លួនពេញចិត្ត និង សន្សំប្រាក់ឲ្យបានច្រើន។ ប៉ុន្តែក្រោយពេលបញ្ចប់ការសិក្សាហើយនោះ មនុស្សជាច្រើនតែងមានវិប្បដិសារីទៅវិញ ព្រោះថាអ្វីៗខុសពីការរំពឹងទុករបស់ខ្លួន។ខាងក្រោមនេះ គឺជារឿងទាំងមួយចំនួនដែលមនុស្សមានវិប្បដិសារី ក្រោយពេលរៀនចប់៖
១) ជ្រើសរើសមុខវិជ្ជា ឬ ជំនាញខុស៖ មានមនុស្សមិនតិចទេ ដែលពេលចូលសិក្សានៅមហាវិទ្យាល័យនោះ មិនបានដឹងច្បាស់ថា មុខវិជ្ជាមួយណាដែលខ្លួនពេញចិត្ត និង ត្រូវជាមួយសមត្ថភាពរបស់ខ្លួន ដោយរៀនផ្អើលតាមគ្នាប៉ុណ្ណោះ។ ដូច្នេះហើយ ក្រោយពេលបញ្ចប់ការសិក្សា ពួកគេមិនអាចប្រើប្រាស់ចំណេះដឹងដែលខ្លួនរៀននោះដើម្បីជាប្រយោជន៍ សម្រាប់ជីវិតបានដោយងាយឡើយ ព្រោះថា មានតែក្រដាសមួយសន្លឹក ដែលបញ្ជាក់ថា បានបង់លុយរៀនអស់៤ឆ្នាំប៉ុណ្ណោះ។ ដូច្នេះហើយ នៅពេលចង់សិក្សាអ្វីមួយ ត្រូវគិតឲ្យច្បាស់ដើម្បីកុំឲ្យមានវិប្បដិសារីទៅថ្ងៃក្រោយ។
២) ពូកែនៅសាលា តែខ្វះបទពិសោធន៍ក្នុងសង្គម៖ មានករណីខ្លះកើតឡើង ដោយសារតែមនុស្សមួយចំនួន បានខិតខំរៀនយ៉ាងខ្លាំងនៅសាលា ហើយក៏មានលទ្ធផលជាទីពេញចិត្តផងដែរ។ ប៉ុន្តែពួកគេរវល់តែខិតខំរៀននៅតែសាលា ជាមួយមោទនភាពជ្រុលរបស់ខ្លួន ដោយភ្លេចគិតអំពីការរៀនសូត្រក្នុងសង្គមជាក់ស្តែង។ ក្នុងន័យនេះ មានន័យថា ពួកគេមិនបានសន្សំបទពិសោធន៍ និង ចូលរួមប្រឡូកក្នុងកិច្ចការសង្គមច្រើននោះទេ ពោលគឺគិតតែរៀនទ្រឹស្ដីនៅសាលាតែមួយមុខ ជាហេតុនាំឲ្យពួកគេត្រូវខកចិត្តនៅពេលរៀនចប់ ព្រោះថា អ្នកខ្លះមិនពូកែខ្លាំងណាស់ណាទេនៅសាលា ប៉ុន្តែដោយសារធ្លាប់មានបទពិសោធន៍ច្រើន ក្នុងការធ្វើការច្រើនក្នុងសង្គមជាក់ស្តែងនោះ ធ្វើឲ្យពួកគេហាក់ទទួលបានឱកាសការងារល្អជាងអ្នកដទៃទៅវិញ។
៣) មិនអាចធ្វើការដែលជាក្តីស្រមៃខ្លួន៖ រឿងដ៏គួរឲ្យសោកស្តាយមួយសម្រាប់មនុស្សគ្រប់គ្នា គឺនៅពេលដែលពួកគេមិនអាចធ្វើការក្នុងតំណែង ឬ ផ្នែកណាមួយដែលខ្លួនចង់បានជាយូណាស់មកហើយ។ ប្រការនេះអាចបណ្តាលមកពីចំណេះដឹង និង ជំនាញនៅមានកម្រិត ហើយពេលខ្លះដោយសារតែ ទីផ្សារមានការប្រកួតប្រជែងខ្លាំងពេកដែលមិនងាយនរណាម្នាក់អាចធ្វើបាន។
៤) បរាជ័យក្នុងការរៀបចំផែនការជីវិត៖ ផែនការជីវិត គឺពិតជាសំខាន់ខ្លាំងណាស់ ហើយមិនមែនមានន័យថា រៀនបានសញ្ញាបត្រខ្ពស់គឺចេះរៀបចំផែនការជីវិតឲ្យបានប្រសើរនោះ ឡើយ។ មានមនុស្សខ្លះមិនដឹងថា ខ្លួនគួរធ្វើអ្វីក្រោយពេលរៀនចប់ ហើយក៏មិនដឹងថា ត្រូវដើរតាមផ្លូវណាដើម្បីសម្រេចតាមក្តីប្រាថ្នារបស់ខ្លួនដែរ ។ បើបរាជ័យនៅសាលា មិនមែនមានន័យថា អ្នកបរាជ័យក្នុងជីវិតនោះឡើយ ប៉ុន្តែបើបរាជ័យក្នុងការរៀបចំផែនការជីវិត នោះនាំឲ្យអ្នកត្រូវប្រឈមការលំបាកជាច្រើន៕
ដើម្បីទាញយកប្រយោជន៍ពីការប្រើFacebook អ្នកត្រូវធ្វើកិច្ចការសំខាន់ៗទាំងនេះ!
ដើម្បីទាញយកប្រយោជន៍ពីការប្រើFacebook អ្នកត្រូវធ្វើកិច្ចការសំខាន់ៗទាំងនេះ!បច្ចុប្បន្ន Facebook ជាបណ្តេញសង្គមដែលពេញនិយមខ្លាំងក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងស្រទាប់យុវវ័យតែម្តង។ ការប្រើប្រាស់បណ្ដាញសង្គម ពិតជាមានសារសំខាន់ខ្លាំងណាស់ ប្រសិនបើអ្នកចេះប្រើវាដើម្បីទាញយកប្រយោជន៍ ព្រោះវាផ្តល់មកនូវចំណេះដឹងថ្មីៗ និង ការបង្កើតទំនាក់ទំនងក្នុងសង្គមជាដើម។ ប៉ុន្តែមនុស្សមួយចំនួន មិនបានប្រើវាក្នុងផ្លូវដើម្បីទទួលប្រយោជន៍នោះទេ ជាហេតុនាំឲ្យពួកគេខាតពេលវេលា និង លុយកាក់ទៅវិញ។
ខាងក្រោមនេះ ជាចំណុចសំខាន់ៗដែលអ្នកត្រូវធ្វើ ដើម្បីទាញយកប្រយោជន៍៖
១) ចុចLike លើទំព័រ Facebookសំខាន់ៗ៖ មានទំព័រ Facebookជាច្រើនត្រូវបានគេបង្កើតឡើង ក្នុងនោះមានទាំងឈ្មោះអង្គការ ក្រុមហ៊ុន និង បុគ្គលល្បីៗជាច្រើន។ ដើម្បីទទួលបានព័ត៌មានថ្មីៗពីទំព័រទាំងនោះ អ្នកអាចចុចLike លើទំព័រ Facebook ។ ការធ្វើបែបនេះ គឺផ្តល់ភាពងាយស្រួលដល់អ្នក ដោយមិនចាំបាច់ចូលទៅស្វែងរកក្នុងទំព័រទាំងនោះដោយ ផ្ទាល់ ព្រោះរាល់ពេលមានព័ត៌មានថ្មីៗ អ្នកនឹងទទួលបានដោយស្វ័យប្រវត្ត។
២) Unfriend មិត្តភក្ដិដែលមិនស្គាល់ ឬ មិនសំខាន់៖ ដើម្បីធានាថា អ្នកនឹងទទួលបានប្រយោជន៍ក្នុងការប្រើប្រាស់ Facebookនោះ អ្នកមិនគួរបន្តមានមិត្តភក្ដិច្រើនហួសពេកនោះទេ ជាពិសេសមនុស្សដែលមិនសូវស្គាល់ ព្រោះថា ពួកគេអាចនឹងបង្ហោះរឿងដែលគ្មានប្រយោជន៍ជាច្រើន ក្នុងនោះរួមទាំងlink រឿងអាសអាភាសផងដែរ។ មួយវិញទៀត កាលណាអ្នកមានមិត្តភក្ដិច្រើនពេកក្នុងFacebook វានាំឲ្យទទួលព័ត៌មានដែលសំខាន់ៗមានការយឺតយ៉ាវ ជាពិសេសនៅពេលមនុស្សភាគច្រើនបង្ហោះរូប ឬ ពាក្យសម្ដីផ្សេងៗព្រមៗគ្នា។ ដូច្នេះហើយ អ្នកគួរតែបន្តជាមួយមិត្តភក្ដិណា ដែលបង្ហោះអ្វីសំខាន់សម្រាប់អ្នក ហើយគួរUnfriend មិត្តភក្ដិដែលមិនស្គាល់ចេញ។
៣) ចូលរួមក្នុងក្រុម(Group) សំខាន់ៗ៖ ក្នុងបណ្ដាញសង្គម Facebook មានក្រុម(Group)ជាច្រើនណាស់ត្រូវបានបង្កើតឡើងក្នុងទិសដៅផ្សេងៗ ដូចជា ក្រុម(Group)អចលនទ្រព្យ ក្រុម(Group)ដំណឹងការងារ ក្រុមនិស្សិតIT និង ក្រុមផ្សេងទៀត។ ដូច្នេះហើយ អ្នកអាចចូលរួមក្រុម(Group)ណាមួយដែលអ្នកគិតថា សំខាន់ដើម្បីទទួលបានចំណេះដឹង និង បទពិសោធន៍ល្អៗ ដែលសមាជិកបានចែករំលែក។
៤) កុំប្រើវាក្នុងពេលកំពុងធ្វើការ ឬ សិក្សា៖ ដើម្បី កុំឲ្យខាតពេលវេលា ឬ បែកអារម្មណ៍ក្នុងពេលកំពុងធ្វើការ ឬ សិក្សានោះ អ្នកមិនគួរប្រើFacebook នោះឡើយ ព្រោះបើមិនដូច្នោះទេ អ្នកនឹងរវល់តែមើលនេះមើលនោះជាប់រហូត។ ជម្រើសដ៏ល្អ អ្នកគួរបើកវា នៅពេលណាអ្នកទំនេរ ទើបជាការប្រសើរ។
អ្វីខ្លះដែលអ្នកមិនគួរធ្វើ បន្ទាប់ពីសម្ភាសន៍ការងាររួច?
ក្នុងពេលសម្ភាសន៍ការងារមានបេក្ខជនជាច្រើនដែលដាក់ពាក្យសុំចូលធ្វើការរហូតបាន ជាប់ដល់វគ្គសម្ភាសន៍ តែពួកគេបានធ្វើឲ្យខ្លួនឯងបាត់បង់ឱកាសទៅវិញ ដោយសារតែកំហុសមួយចំនួនខាងក្រោម៖
១) សួរញឹកញាប់ពេកទាក់ទងនឹងរឿងមុខតំណែង៖ វាជាការល្អក្នុងការសួរបញ្ជាក់ពីមុខដំណែងដែលខ្លួនឯងត្រូវទទួល បាន តែអ្នកក៏គួរតែមើលទៅតាមកាលៈទេសៈផងដែរ ហើយចៀសវាងសួរ ច្រំដែលពេកដែលវាអាចធ្វើឲ្យប៉ះពាល់ដល់ការងាររបស់អ្នក។ ដូច្នេះក្រោយពេលសម្ភាសន៍ចប់ សូមកុំទូរស័ព្ទ ឬ អ៊ីមែលទៅសួរអំពីលទ្ធផល ព្រោះការធ្វើបែបនេះវានាំឲ្យមានការទើសទាល់ និង ធុញទ្រាន់ផងដែរ ព្រោះបើអ្នកជាបេក្ខជនសំខាន់មែន គេប្រាកដជាទាក់ទងមកអ្នកវិញមិនខាន។
២) កុំធ្វើដូចជាអ្នកបានការងារហើយអ៊ីចឹង៖ មិនថាអ្នកគិតថាខ្លួនឯងឆ្លើយសំនួរនៅពេលសម្ភាសន៍បានល្អយ៉ាងណា ក៏ដោយ អ្នកមិនគួរពេលមានទំនុកចិត្តលើខ្លួនឯងហួសហេតុពេកនោះទេ ជៀសវាងនាំឲ្យគេគិតថា អ្នកមានលក្ខណៈអំនួតលើខ្លួនឯង។ ដូច្នេះត្រូវចាំថា អ្នកត្រូវតែមានទំនុកចិត្តលើខ្លួនឯង ប៉ុន្តែមិនមែនអំនួតទេ។
៣) កុំផ្លាស់ប្ដូរប្រាក់ខែដែលអ្នករំពឹងទុក៖ អ្នកមិនគួរផ្លាស់ប្ដូរការទាមទារប្រាក់ខែតាមតែចិត្តនោះទេ ឬមក ពីអ្នកឃើញអ្នកសម្ភាសន៍មានទូរស័ព្ទល្អប្រើ ដែលការស្លៀកពាក់របស់ គេមានភាពថ្លៃថ្នូរដែលធ្វើឲ្យអ្នកគិតថាអ្នកនឹងអាចសុំចំនួន ប្រាក់ខែច្រើនជាងមុន។ ក្នុងន័យនេះ អ្នកអាចផ្លាស់ប្ដូរពីច្រើនចុះមកតិចវិញបាន តែមិនអាចពីតិចទៅច្រើននោះទេ ព្រោះធ្វើបែបនេះគេប្រាកដជាមិនរើសយកអ្នកឡើយ។
៤) កុំរអ៊ូប្រាប់អ្នកដទៃនៅពេលដែលអ្នកបញ្ចប់ការសម្ភាសន៍៖ វាចាត់ទុកជារឿងមិនល្អ និងគ្មាន សុជីវធម៌នៅពេលដែលអ្នកលើកឡើងតែពីរឿងមិនល្អនៅពេលសម្ភាសន៍យកទៅប្រាប់អ្នកដទៃ។
៥)កុំទាន់Add ឬ ទាក់ទងអ្នកដែលសម្ភាសន៍តាមបណ្ដាញសង្គម៖ បើលទ្ធផលមិនទាន់ប្រកាសជាផ្លូវការ សូមកុំទាន់Add ឬ ទាក់ទងអ្នកដែលសម្ភាសន៍នៅតាមបណ្ដាញសង្គមឲ្យសោះ ព្រោះគេអាចគិតថា អ្នកកំពុងទាក់ទង ឬ បញ្ចុះបញ្ចូលទាក់ទងនឹងតំណែងការងារថ្មីនោះ៕

No comments:
Post a Comment